Romans 9

1ខ្ញុំនិយាយ​សេចក្ដី​ពិតនៅក្នុង​ព្រះ​គ្រិស្ដ​ខ្ញុំ​មិនកុហកទេមនសិការរបស់ខ្ញុំធ្វើបន្ទាល់ជាមួយខ្ញុំដោយ​ព្រះ​វិញ្ញាណបរិសុទ្ធ 2ថាខ្ញុំមានទុក្ខព្រួយជាខ្លាំងហើយសោកសង្រេងក្នុងចិត្តមិន​ស្បើយ​សោះ 3ដ្បិតខ្ញុំ​សុខចិត្ដ​ត្រូវ​បណ្ដាសាឲ្យ​បែក​ចេញ​ពី​ព្រះ​គ្រិស្ដដើម្បីបងប្អូនជនរួមជាតិខាងឯសាច់ឈាមរបស់ខ្ញុំ 4គឺជា​ជនជាតិ​អ៊ីស្រាអែលដែល​ជា​កូនចិញ្ចឹម​របស់​ព្រះជាម្ចាស់​ហើយមានសិរីរុងរឿងកិច្ចព្រមព្រៀងគម្ពីរវិន័យ​ការ​បម្រើព្រះនិង​សេចក្ដី​សន្យាផ្សេងៗ 5ពួកគេមាន​ដូនតាហើយ​ព្រះ​គ្រិស្ដ​បាន​ប្រសូត​ខាងឯសាច់ឈាមពីពួកគេ​ដែរ​គឺ​ព្រះអង្គ​នេះ​ហើយជាព្រះលើទាំងអស់​ជា​ព្រះ​ដ៏​មានពរអស់កល្បជានិច្ចអាម៉ែន! 6យ៉ាងណាក្ដីព្រះបន្ទូល​របស់​ព្រះជាម្ចាស់មិន​មែន​មិន​បាន​សម្រេចទេព្រោះ​ជនជាតិ​អ៊ីស្រាអែលទាំងអស់មិនមែន​សុទ្ធតែ​ជា​ជនជាតិ​អ៊ីស្រាអែលទេ 7ហើយក៏​មិនមែនដោយសារ​ពួកគេ​ជាពូជពង្ស​របស់​លោក​អ័ប្រាហាំ​ពួកគេ​សុទ្ធតែ​ជា​កូនចៅ​របស់​គាត់​ដែរផ្ទុយទៅវិញមាន​សេចក្ដី​ចែង​ទុក​ថា៖ ​«ពូជពង្ស​ពីអ៊ីសាក​នឹង​ត្រូវ​រាប់​ជា​ពូជ​របស់​អ្នក» 8គឺកូនខាងសាច់ឈាមមិនមែន​ជា​កូន​របស់​ព្រះជាម្ចាស់ទេផ្ទុយទៅវិញកូនខាងឯ​សេចក្ដី​សន្យា​ទេ​តើ​ដែល​ត្រូវ​រាប់ជាពូជពង្ស 9ដ្បិតព្រះជាម្ចាស់​មាន​បន្ទូល​សន្យា​ថា៖ ​«យើង​នឹង​មកវិញតាមពេល​កំណត់​ហើយ​សារ៉ា​នឹង​មានកូន​ប្រុស​ម្នាក់»។ 10មិនត្រឹមតែប៉ុណ្ណោះ​នៅ​ពេល​នាង​រេបិកាមានផ្ទៃពោះជាមួយ​បុរស​ម្នាក់​គឺ​លោក​អ៊ីសាក​ជា​ដូនតា​របស់​យើងក៏​ដូច្នោះ​ដែរ 11ទោះបីកូន​ទាំងពីរ​នោះ​មិន​ទាន់​កើតនិងមិនទាន់​បាន​ធ្វើអ្វីល្អអាក្រក់​នៅ​ឡើយ​ក៏ដោយ​ដើម្បី​ឲ្យ​គម្រោងការ​នៃ​ការ​ជ្រើសរើសដែលស្របតាម​បំណង​របស់​ព្រះជាម្ចាស់​នៅ​ស្ថិតស្ថេរ 12ដ្បិតមិនមែនដោយសារ​ការ​ប្រព្រឹត្ដិទេគឺដោយសារ​ការ​ត្រាស់ហៅ​របស់​ព្រះអង្គវិញ​ព្រះជាម្ចាស់​បាន​មាន​បន្ទូល​មក​នាងថា៖ ​«កូន​ច្បង​នឹង​បម្រើ​កូន​ប្អូន» 13ដូចមាន​សេចក្ដីចែង​ទុក​ថា៖ ​«យើង​ស្រលាញ់យ៉ាកុបហើយស្អប់អេសាវ»។ 14ដូច្នេះតើ​យើង​នឹង​និយាយ​យ៉ាង​ដូចម្ដេច? ​តើព្រះជាម្ចាស់​មាន​សេចក្ដីទុច្ចរិត? ​មិនមែនដូច្នោះទេ! 15ដ្បិតព្រះអង្គ​មានបន្ទូល​ប្រាប់​លោក​ម៉ូសេថា៖ ​«យើង​នឹង​មេត្ដា​ចំពោះ​អ្នកណាដែល​យើង​មេត្ដាហើយ​យើង​នឹង​អាណិតអាសូរ​ចំពោះ​អ្នកណាដែល​យើង​អាណិតអាសូរ»។ 16ដូច្នេះមិន​មែន​ស្រេច​លើ​អ្នកណាចង់បានអ្នកណាខំ​រត់​រក​នោះ​ទេគឺ​ស្រេច​លើ​ព្រះជាម្ចាស់ដែល​ជា​អ្នក​មាន​សេចក្ដី​មេត្ដាវិញ 17ដ្បិតក្នុង​បទគម្ពីរ​ព្រះជាម្ចាស់​មានបន្ទូល​ទៅ​ស្ដេច​ស្រុក​អេស៊ីព្ទថា៖ ​«យើង​បាន​តាំងអ្នកឡើងសម្រាប់​ការ​នេះឯងគឺដើម្បីបង្ហាញអំណាច​របស់​យើងតាមរយៈអ្នកនិងដើម្បី​ឲ្យ​គេ​ប្រកាសប្រាប់​ពី​ឈ្មោះ​របស់​យើង​ពាសពេញ​ផែនដីទាំងមូល» 18ដូច្នេះព្រះអង្គ​មេត្ដា​ដល់​អ្នកណា​តាមតែ​ព្រះ​ហឫទ័យ​របស់​ព្រះអង្គហើយ​ព្រះអង្គ​ធ្វើ​ឲ្យ​អ្នកណា​មាន​ចិត្ដ​រឹងរូស​ក៏​តាមតែ​ព្រះ​ហឫទ័យ​របស់​ព្រះអង្គ​ដែរ។ 19អ្នកមុខជា​សួរខ្ញុំថាចុះហេតុអ្វី​ព្រះអង្គ​នៅតែ​ប្រកាន់​ទោសទៀត? ​ដ្បិត​តើ​អ្នកណាប្រឆាំង​នឹង​បំណង​របស់​ព្រះអង្គបាន? 20ប៉ុន្ដែមនុស្សអើយ! ​តើ​អ្នកជាអ្វីបានជាហ៊ាន​តវ៉ា​ជាមួយព្រះជាម្ចាស់ដូច្នេះ? ​តើ​របស់​ដែល​ជាង​ស្មូន​បាន​សូនឡើង​នឹង​និយាយ​ទៅ​ជាងស្មូនថាហេតុអ្វី​បាន​ជា​អ្នក​សូនខ្ញុំដូច្នេះ​ដែរ​ឬ? 21តើជាង​ស្មូនគ្មានសិទ្ធិ​សូន​ពីដីឥដ្ឋតែមួយដុំធ្វើរបស់មានតម្លៃមួយនិងមួយទៀតគ្មានតម្លៃ​ទេ​? 22ចុះបើព្រះជាម្ចាស់សព្វព្រះហឫទ័យបង្ហាញកំហឹងនិង​ឲ្យ​គេ​ស្គាល់​ព្រះ​ចេស្ដា​របស់​ព្រះអង្គ​ប៉ុន្តែ​ព្រះអង្គ​ស៊ូទ្រាំដោយអត់ធ្មត់​ចំពោះ​របស់​ដែល​ត្រូវ​រង​កំហឹង​ដែល​រៀបចំសម្រាប់បំផ្លាញ​នោះ​យ៉ាង​ដូចម្ដេច​ដែរ? 23ដ្បិតព្រះអង្គ​ធ្វើ​ដូច្នេះ​ដើម្បីឲ្យរបស់​ដែល​បាន​ទទួល​សេចក្ដី​មេត្ដាដែល​ព្រះអង្គ​បាន​រៀបចំ​ទុក​ជាមុនសម្រាប់​សិរី​រុងរឿង​បាន​ស្គាល់​សិរី​រុងរឿង​ដ៏​បរិបូរ​របស់​ព្រះអង្គ 24គឺយើង​ដែល​ព្រះជាម្ចាស់​បាន​ត្រាស់ហៅមិនត្រឹមតែពី​ក្នុង​ចំណោម​ជនជាតិ​យូដាប៉ុណ្ណោះទេគឺពី​ចំណោម​សាសន៍​ដទៃដែរ 25ដូចដែល​ព្រះអង្គ​មានបន្ទូលក្នុង​គម្ពីរ​ហូសេថា៖ ​«យើង​នឹង​ហៅ​ប្រជារាស្ដ្រ​ដែលមិនមែន​ជា​រាស្ដ្រ​របស់​យើងថា​ជា​រាស្ដ្រ​របស់​យើងហើយ​ហៅ​អ្នកដែល​យើង​មិន​បាន​ស្រលាញ់​ថា​ជា​ទីស្រលាញ់​របស់​យើង 26ព្រមទាំងត្រង់កន្លែងដែល​បាន​ប្រកាសថាអ្នករាល់គ្នាមិនមែនប្រជារាស្ដ្រ​របស់​យើងទេកន្លែង​នោះ​ពួកគេ​នឹង​ត្រូវ​បាន​ហៅថា​ជា​កូន​របស់​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់វិញ»។ 27លោក​អេសាយ​វិញ​គាត់​បាន​ប្រកាសអំពី​ជនជាតិ​អ៊ីស្រាអែលថា៖ ​«ទោះបីកូនចៅ​របស់​ជនជាតិ​អ៊ីស្រាអែលមានចំនួនច្រើនដូចខ្សាច់​នៅ​សមុទ្រក៏ដោយ​ក៏​មាន​តែ​អ្នក​ដែល​នៅសល់ប៉ុណ្ណោះ​ដែល​នឹង​បាន​សង្គ្រោះ 28ដ្បិតព្រះអម្ចាស់​នឹង​សម្រេច​ព្រះ​បន្ទូល​របស់​ព្រះអង្គ​សព្វគ្រប់​នៅ​លើផែនដីនេះ​ដោយ​មិន​បង្អង់​ឡើយ»។ 29ដូចដែល​លោក​អេសាយ​បាន​ថ្លែង​ទុក​ពីមុន​ថា៖ ​«បើព្រះអម្ចាស់​នៃ​ពួកពលបរិវារមិនទុកពូជ​ឲ្យ​យើងទេ​នោះ​យើងបានត្រលប់ដូច​ជា​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ាជាមិនខាន​ហើយ»។ 30ដូច្នេះតើ​យើង​និយាយ​យ៉ាង​ដូចម្ដេចអំពីសាសន៍​ដទៃ​ដែលមិន​បាន​សង្វាតរក​សេចក្ដី​សុចរិតទទួលបាន​សេចក្ដី​សុចរិតជា​សេចក្ដី​សុចរិតដោយសារជំនឿ 31ជនជាតិ​អ៊ីស្រាអែល​ដែល​សង្វាតធ្វើតាមក្រឹត្យវិន័យ​នៃ​សេចក្ដីសុចរិតវិញ​ពួកគេ​មិន​បាន​សម្រេច​តាម​ក្រឹត្យវិន័យឡើយ 32ហេតុអ្វី? ​ព្រោះ​ពួកគេ​ពឹង​លើការប្រព្រឹត្ដិមិនមែន​ពឹង​លើជំនឿ​គឺ​ពួកគេ​បាន​ជំពប់​នឹង​ថ្ម​ដែល​នាំ​ឲ្យ​គេ​ជំពប់ដួល 33ដូចមាន​សេចក្ដីចែង​ទុក​ថា៖ ​«យើង​បាន​ដាក់ថ្ម​ដែល​នាំ​ឲ្យ​ជំពប់ដួលមួយនៅ​ក្រុង​ស៊ីយ៉ូនហើយ​ជា​ផ្ទាំង​ថ្ម​ដែល​រវាទចិត្ដប៉ុន្ដែអ្នកណាជឿ​លើ​ថ្មនោះ​អ្នកនោះ​នឹង​មិន​ត្រូវ​ខកចិត្ដឡើយ»។
Copyright information for KhmKCB